បុរសម្នាក់ត្រូវអាជ្ញាធរតៃវ៉ាន់ពិន័យប្រាក់ ១០០ ០០០ ដុល្លារតៃវ៉ាន់ ដោយសាររត់ចេញធ្វើចត្តាឡីស័ក តែតាមពិតរូបគាត់ត្រូវបានគេចាប់ជំរិតចេញកន្លែងចត្តាឡីស័ក

តៃវ៉ាន់៖ បុរសម្នាក់ត្រូវបានអាជ្ញាធរតៃវ៉ាន់ពិន័យជាប្រាក់ចំនួន ១០០ ០០០ ដុល្លារតៃវ៉ាន់ (៣ ៥៧៣ ដុល្លារអាមេរិក) ពីបទបានបំពាននូវវិធានការធ្វើចត្តាឡីស័ក ខណៈដែរតាមការពិតរូបគាត់មិនបានដើរចេញពីកន្លែងធ្វើចត្តាឡីស័កនោះទេ តែរូបគាត់ត្រូវបានគេចាប់ជំរិតទារប្រាក់។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា បុរសដែលត្រូវរងនូវការពិន័យនេះមានឈ្មោះថា Chen បានធ្វើដំណើរមកពីទីក្រុងហុង និងត្រូវធ្វើចត្តាឡីស័កនៅក្នុងផ្ទះជាមួយមិត្តភក្តិគាត់រយៈពេល ១៤ ថ្ងៃ ដោយការធ្វើចត្តាឡីស័កនេះគឺត្រូវស្ថិតក្រោមការគ្រប់គ្រងដោយប្រព័ន្ធតាមដាន ដែលអាជ្ញាធរបានភ្ជាប់នៅក្នុងទូរស័ព្ទដៃរបស់គាត់។

នៅក្នុងថ្ងៃកើតហេតុផ្ទះដែលលោក Chen និងមិត្តភក្តិរបស់គាត់កំពុងស្នាក់នៅដើម្បីធ្វើចត្តាឡីស័កនោះត្រូវបានគេលួចគាស់ចូល ហើយលោក Chen ក៏ត្រូវបានគេចាប់យកទៅកន្លែងផ្សេងទៀតដើម្បីជំរិតទារប្រាក់ ហើយបន្ទាប់ពីទទួលបានប្រាក់រួចទើបក្រុមជនខិលខូចដោះលែងគាត់ឲ្យមកកាន់កន្លែងធ្វើចត្តាឡីស័កវិញ។ យ៉ាងណាក្តី នៅពេលលោក Chen បានដើរចេញពីកន្លែងធ្វើចត្តាឡីស័កនោះ ប្រព័ន្ធត្រួតពិនិត្យក៏បានជូនដំណឹងទៅកាន់អាជ្ញាធរសុខាភិបាល ហើយរូបគាត់ក៏ត្រូវពិន័យប្រាក់ទៅតាមច្បាប់ដែលបានកំណត់តែម្តង។

បើទោះជាយ៉ាងនេះក្តី ក្រោយមកអាជ្ញាធរតៃវ៉ាន់បានរកឃើញថា លោក Chen ត្រូវបានគេចាប់ចេញពីកន្លែងធ្វើចត្តាឡីស័ក ដោយក្រុមជនខិលខូចទាំងនោះគឺជាក្រុមអ្នកទារបំណុលដែលត្រូវមកទារប្រាក់ពីមិត្តភក្តិរបស់លោក Chen ហើយដោយប្រទះឃើញពួកគាត់នៅជាមួយគ្នាក្រុមជនខិលខូចក៏ចាប់យកពួកគាត់ទៅទាំងអស់គ្នាតែម្តង។ ក្រោយរកឃើញការពិតនេះ តុលាការតៃវ៉ាន់ក៏បានសម្រេចផ្តល់លុយផាកពិន័យគ្រប់ចំនួនជូនលោក Chen វិញផងដែ៕

ប្រភព៖ World of Buzz

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap