មកស្គាល់ទីតាំងស្តុក​​ទុកវ៉ាក់សាំង​ប្រឆាំងនឹងកូវីដ១៩​ នៅក្នុងប្រទេស​កម្ពុជា


ក្រសួងសុខាភិបាលកម្ពុជាមានលទ្ធភាព និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការគ្រប់គ្រងទុកដាក់ និងរក្សាប្រសិទ្ធិភាពវ៉ាក់សាំង​កូ​វីដ​-​១​៩ ​ដោយបានសហការជាមួយម្ចាស់ប្រទេសផ្ដល់វ៉ាក់សាំង ព្រមទាំងអង្គការសុខភាពអន្តរជាតិនានា។

រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ប្រាប់ កម្ពុជាថ្មី នៅថ្ងៃនេះថា វ៉ាក់សាំងរបស់ចិន នឹង​រ​ក្សា​ទុក​​នៅមន្ទីរ​ពេទ្យព្រះកេតុមាលា ដោយកម្ពុជាមានប្រព័ន្ធបែងចែក និងចាក់វ៉ាក់សាំងត្រឹមត្រូវ។ លោកស្រី មានប្រសាសន៍ថា៖ “ក្រ​សួង​នឹងបែងចែកវ៉ាក់សាំងបន្ត ទៅតាមន្ទីរពេទ្យដែលមានកន្លែងទុកដាក់វ៉ាក់សាំងត្រឹមត្រូវ និងអាស្រ័យទៅតាមស្ថានភា​ព​ជាក់​ស្ដែ​ង​​ប​ន្ត​​ទៀត”។

លោកស្រី លើកឡើងថា មន្ទីរពេទ្យព្រះកេតុមាលាមានទីតាំងគ្រប់គ្រាន់ក្នុងការរក្សាទុកវ៉ាក់សាំង ដោយមានកុងទឺន័រធំៗ ព្រមទាំង​បំ​ពាក់​ប្រព័ន្ធរក្សាស៊ីតុណ្ហភាពត្រជាក់ផងដែរ។

លោកស្រី ឱ វណ្ណឌីន លើកឡើងថា សូមប្រជាពលរដ្ឋកុំព្រួយបារម្ភលើបញ្ហាទុកដាក់វ៉ាក់សាំងកូវីដ-១៩នេះ ដោ​យ​សារ​ក្រសួ​ង​សុ​ខា​​​ភិបាលបានគិតគូរដោយយកចិត្តទុកដាក់ ដោយមិនមែនធ្វើការនេះតែម្នាក់ឯងទេ។ លោកស្រី មានប្រសាសន៍ថា៖ “ក្រសួង​សុ​ខា​ភិបាល​បានធ្វើការដោយជិតស្និទ្ធ និងទទួលការជួយគាំទ្រទាំងផ្នែកបច្ចេកទេសពីអង្គការសុខភាពពិភពលោកផង ពីអង្គការ​យូ​នី​សេ​​ហ្វផង រួមទាំងអង្គការ GAVI (Global Alliance for Vaccines and Immunisation)  ដែលហៅថា សហព័ន្ធសាកលសម្រាប់​ចា​ក់​ថ្នាំ​បង្ការ ​និងវ៉ាក់សាំងផង”។

លោកស្រី ឱ វណ្ណឌីន បានបង្ហាញពីបទពិសោធន៍រក្សាវ៉ាក់សាំងរបស់កម្ពុជា ដោយលើកឡើងថា ក្រសួងសុខាភិបាលមាន​កម្មវិធី​ជា​​តិ​​ចាក់ថ្នាំបង្ការ ដែលបានចាក់ថ្នាំបង្ការដល់កុមារកម្ពុជាតាំងពីក្រោយឆ្នាំ១៩៧៩ ដូចជាចាក់ថ្នាំបង្ការ កញ្ជ្រិល ស្អូច ស្វិតដៃជើង របេ​ង ​រលាកស្រោមខួរ រលាកថ្លើម និងជំងឺឆ្កែឆ្កួតជាដើម ដូចនេះក្រសួងនឹងប្រើយន្តការដែលមានស្រាប់ ក្នុងការទុកដាក់ និង​ថែ​រក្សា​​វ៉ាក់​សាំង។

លោកស្រី មានប្រសាសន៍ថា៖ “ដោយសារវ៉ាក់សាំងដែលត្រៀមប្រគល់ជូនកម្ពុជា ជាវ៉ាក់សាំងត្រូវរក្សាក្នុងសីតុណ្ហភាពត្រជាក់ ហើ​យ​កម្ពុជាមានប្រព័ន្ធត្រជាក់ស្រាប់ ហើយការទុកដាក់វ៉ាក់សាំង កម្ពុជាមានបច្ចេកទេស និងទីតាំងទុកដាក់​ត្រឹមត្រូវតាមបទពិសោ​ធ​ន៍​​​ដែល​កម្ពុជាមានជាង៤០ឆ្នាំមកនេះ”។

កាលពីម្សិលមិញ នៅក្នុង​ពិធី​សំណេះសំណាល​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ​ស​ម្ដេ​ច​​​​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​មានប្រសាសន៍​​បញ្ជាក់ថា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១​៩ ​ចំនួន ៦០​ម៉ឺន​ដូ​ស ដែល​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផ្តល់​ឲ្យ​កម្ពុជា​ដំណាក់កាល​ទី​១ នឹង​ដឹក​តាម​យន្តហោះ​ពិ​សេ​ស​​ពី​ប្រទេស​ចិន​មកដល់​កម្ពុជា​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ហើយ​កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ហើយ​ក្នុងការ​ដឹកជញ្ជូន កា​រ​​ទុកដាក់​វ៉ាក់សាំង​នៅ​កន្លែង​សុវត្ថិភាព​។ ភាគី​ចិន​ក៏បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ជំនាញ​វេជ្ជសាស្ត្រ​ចំនួន ៤​រូប មកជួយ​បណ្តុះ​ប​ណ្តាល​​ដល់​ក្រុមគ្រូពេទ្យ​កម្ពុជា​ផងដែរ​។

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានឱ្យដឹងថា វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ប្រ​មា​ណ ​៦០ម៉ឺនដូស ក្នុងចំណោម១លានដូស ​នឹងមកដល់ប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមានលទ្ធភាពទទួលវ៉ាក់សាំងកូវីដ-១៩ រហូតដល់ ២០លានដូស ដើម្បីចាក់ជូន​ប្រ​ជា​ពល​រដ្ឋជាង ១០លាននាក់។ ក្នុងវ៉ាក់សាំងប្រមាណ ១១លានដូស គឺជាជំនួយរបស់ចិន, ខូវ៉ាក់ និងប្រទេសអូស្ត្រាលី។

កាលពីដើមខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា​ កន្លែងរ​ក្សា​ទុក​វ៉ាក់​សាំង​កូវីដ-១៩ មិនចោទជាបញ្ហានេះទេ ព្រោះថា​​រដ្ឋាភិបាលកំពុងសាងសង់ឃ្លាំងសម្រាប់​ស្តុកដែល​មានកម្រិត​សីតុណ្ហភាព​រហូត​ដ​ល់​​៨០អង្សារសេក្រោមសូន្យ។

តាមការចុះផ្សាយរបស់សារព័ត៌មាន ​BBC វ៉ាក់សាំងកូវីដ-១៩ មួយចំនួន​ត្រូវ​រក្សា​ទុក​នៅ​សីតុណ្ហភាព​រហូតដល់​ ៧​០​អ​ង្សារ​សេ​ក្រោ​ម​​សូ​ន្យ​​៕

ប្រភព៖ kampucheathmey

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap