រៀនទប់កំហឹងខ្លួនឯងពេលកូនធ្វើខុស ដោយប្រើតិចនិកសាមញ្ញប៉ុន្មាននេះ

ការ​ចិញ្ចឹម​កូន​ជា​ការងារ​សំខាន់ និង​ចាំ​បាច់​មួយ​សម្រាប់​ម៉ាក់​ប៉ា​គ្រប់​រូប។ ស្រប​ពេល​ចិញ្ចឹម​កូន ម៉ាក់​ប៉ា​ត្រូវ​ធ្វើ​ការ​រក​ស៊ី​រក​ចំណូល​ចូល​ផ្ទះ​ផង ធ្វើ​កិច្ច​ការ​ក្នុង​ផ្ទះ​ផង មមាញឹក​ខ្លាំង ល្វីង​មុខ​ឆាប់​ធ្វើ​ឲ្យ​អារម្មណ៍​មួម៉ៅ​ជាដើម។ ពេល​ខ្លះ គ្រាន់​តែ​កូន​ធ្វើ​ឲ្យ​ខុស​បន្តិច​ម៉ាក់​ប៉ា​បែរ​ជា​ខឹង ស្រែក​គំហក​ដាក់​កូន ឬ​អាច​ប្រើ​ដៃ​ជើង​វាយ​កូន​ក៏​ថា​បាន។ តែ​យើង​ដឹង​ហើយ​ថា ការ​វាយ ការ​ស្រែក​ខ្លាំងៗ​ដាក់​កូន មិន​មែន​ជា​អាកប្បកិរិយា​ល្អ​ទេ ដូច​នេះ​ហើយ ម៉ាក់​ប៉ា​គួរ​តែ​ព្យាយាម​ទប់​កំហឹង​ខ្លួន​ឯង​ពេល​អា​អូន​ធ្វើ​ឲ្យ​ទាស់​ចិត្ត​ម្ដង​ៗ។

១. កំណត់​កំហឹង​របស់​យើង

ជំហាន​ដំបូង​ដែល​យើង​ត្រូវ​ធ្វើ ​គឺ​ស្គាល់​ពី​សញ្ញា​ដំបូង​ដែល​បញ្ជាក់​ថា យើង​ចាប់​ផ្ដើម​ខឹង​ហើយ។ ឧ. ពេល​យើង​និយាយ​ជាមួយ​កូន​ស្រួល​បួល​តែ​កូន​ស្រែក​មក​យើង ហើយ​គប់​របស់​របរ​ចោល យើង​អាច​មាន​អារម្មណ៍​កំហឹង​ចាប់​ផ្ដើម​កើន​ឡើង​ហើយ។

២. ដក​ដង្ហើម​វែង​ៗ សម្រួល​អារម្មណ៍

ដក​ដង្ហើម​ចេញ​ចូល​វែង​ៗ យឺត​ៗ ដើម្បី​រម្ងាប់​ភាព​ខឹង​របស់​យើង មិន​បញ្ចេញ​ទៅ​លើ​កូន។ ធ្វើ​បែប​នេះ​រហូត​យើង​ឃើញ​ថា​ ចង្វាក់​បេះ​ដូង​យើង​ដើរ​មួយ​ៗ តាម​ធម្មតា​វិញ សឹម​និយាយ​ជាមួយ​កូន​ម្ដង​ទៀត។

៣. មើល​ស្ថានការណ៍​ឡើង​វិញ

ប្រសិន​បើ​យើង​បាន​ធូរ​អារម្មណ៍ យើង​អាច​គិត​ពី​ស្ថានការណ៍​ដែល​បាន​កើត​ឡើង។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​យើង​រៀន​ពី​បទ​ពិសោធន៍ និង​ដោះ​ស្រាយ​ស្ថានការណ៍​ស្រដៀង​គ្នា​កាន់​តែ​ប្រសើរ​នា​ពេល​អនាគត។

៤.ក្លាយ​ជា​គំរូ​ល្អ​ដល់​កូន

វា​មិន​អី​ទេ​ដែល​យើង​មាន​អារម្មណ៍​ខឹង អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​យើង​ស្រែក ឬ​ប្រើ​ដៃ​ប្រ​ជើង​ពេល​យើង​ទប់កំហឹងមិនបាន។ ដូច​នេះ​ហើយ ក្រោយ​ពេល​ដែល​យើង​ខឹង​កូន​ខ្លាំង​ពេក ​រហូត​ស្រែក ឬ​វាយ​ដំ​កូន យើង​គួរ​តែ​និយាយ​ពាក្យ​សុំ​ទោស​ទៅ​កាន់​កូន ដើម្បី​ជា​គំរូ​ថា ការ​ស្រែក ឬ​បញ្ចេញ​កំហឹង​ទៅ​លើ​អ្នក​ដទៃ​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​ដែល​យើង​គួរ​ធ្វើ​ទេ។

បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ ពេល​ខឹង​អា​អូន​ម្ដងៗ ម៉ាក់​ប៉ា​​មិន​ចាំ​បាច់​វាយ ឬ​ស្រែក​គំហក​ដាក់​កូន​ទេ ព្រោះ​អំពើ​វាយ​តប់ ស្រែក​គំហក​ដាក់​កូន​នេះ សុទ្ធ​តែ​ផ្ដល់​ភាព​អវិជ្ជមាន​ដល់​កូន ថែម​ទាំង​អាច​ឲ្យ​កូន​ខ្លាច ​យើង​ជា​ម៉ាក់​ប៉ា​មិន​ហ៊ាន​នៅ​ជិត​ទៀត។​

តិចនិកចិញ្ចឹមកូន Hello គ្រូពេទ្យ

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap