កុំទុកឲ្យមាត់ស្ងួត​ ប្រយ័ត្ន​ប៉ះពាល់​សុខភាព​មាត់យូរអង្វែង


បញ្ហា​ស្ងួត​មាត់​ធ្វើ​ឲ្យ​យើង​ពិបាក​ទ្រាំ​ជា​ខ្លាំង​ មិន​ថា​​វា​កើត​ឡើង​ត្រឹម​តែ​មួយ​រយៈពេល​ខ្លី ឬ​យូរ​ក៏​ដោយ​​។​ ជាក់​ស្ដែង​ មាន​កត្តា​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​យើង​ស្ងួត​មាត់​ ដូចជា​ប្រភេទ​ថ្នាំ​ជាក់លាក់​ ការ​ឆ្លង​មេរោគ​ កង្វះ​ជាតិ​ទឹក​ និង​ការ​ព្យាបាល​ជំងឺ​មហារីក​ជា​ដើម​។​ ​ការ​​ព្យាបាល​ដោយ​​កាំ​រស្មី និង​គីមី ឬ​ប្រភេទ​ថ្នាំ​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​ខូច​ក្រពេញ​ទឹក​មាត់​ ដែល​ធ្វើ​ឲ្យ​យើង​ត្រូវ​ជួប​បញ្ហា​ស្ងួត​មាត់​ជា​ញឹកញាប់​។

​​១. បញ្ហា​ស្ងួត​មាត់​ និង​​សុខភាព​មាត់

នៅ​ក្នុង​ករណី​ ដែល​យើង​ខ្វះ​ការ​ព្យាបាល​ចំពោះ​បញ្ហា​ស្ងួត​មាត់​នេះ​ វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ផ្សេង​ៗ​​ជា​ច្រើន​ រួម​ទាំង​៖

  • ធុំ​ក្លិន​មាត់​ (​ខ្យល់​ដង្ហើម​មិន​ល្អ​)
  • រលាក​ប្រហោង​ឆ្អឹង​ 
  • ការ​ឆ្លង​មេរោគ​ផ្សិត​
  • រលាក​អញ្ចាញ​ធ្មេញ​ 
  • ទម្រង់​ធ្មេញ​មិន​ត្រូវ​គ្នា​​​​​​​

យូរ​ៗ​ទៅ​ យើង​អាច​នឹង​មាន​ការ​ផ្លាស់ប្ដូរ​រសជាតិ​ ពិបាក​លេប​ទឹក​មាត់​ ព្រម​ទាំង​អាច​ផ្លាស់ប្ដូរ​​ការ​និយាយ​ផង​ដែរ​។​ បន្ថែម​ពី​នេះ​ ​យើង​អាច​សម្គាល់​ឃើញ​ស្នាម​ប្រេះ និង​​ស្នាម​មុត​នៅ​គែម​បបូរ​មាត់​ ឬ​​រលាក​អណ្ដាត​។ ​ស្ងួត​មាត់​អាច​នឹង​ជា​សះ​ស្បើយ​ដោយ​ខ្លួន​ឯង​នៅ​រយៈពេល​មួយ​ខែ​ទៅ​ពីរ​ខែ​បន្ទាប់​ពី​ការ​ព្យាបាល​ដោយ​ប្រើ​គីមី​ ប៉ុន្តែ​វា​ក៏​អាច​បន្ត​​ដល់​រយៈពេល​៦​ខែ​ ទៅ​១​ឆ្នាំ​បន្ទាប់​ពី​ការ​ព្យាបាល​ដោយ​កាំ​រស្មី​ទៅ​លើ​​ក្បាល​ និង​ក​។

២. ​តិចនិក​​កម្ចាត់​បញ្ហា​ស្ងួត​មាត់

មិន​ថា​​យើង​ស្ងួត​មាត់​ បណ្ដាល​មក​ពី​​មូលហេតុ​ណា​មួយ​ឡើយ​ យើង​ចាំបាច់​ត្រូវ​រក​វិធានការ​ដោះស្រាយ​ ហើយ​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​ គឺ​ល្អ​បំផុត​សម្រាប់​បំបាត់​អាការៈ​ស្ងួត​មាត់​នេះ​​។​​​

  • ញ៉ាំ​ទឹក​ឲ្យ​ច្រើន​

ទឹក​​មាន​សារសំខាន់​ណាស់​ចំពោះ​សុខភាព​​​​យើង​រាល់​គ្នា ហើយ​​ពិសេស​ វា​អាច​ជួយ​​កម្ចាត់​អាការៈ​ស្ងួត​មាត់​​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ​ចូរ​បំពេញ​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដោយ​ការ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៨​ ទៅ​១២​កែវ​ក្នុង​មួយ​ថ្ងៃ​។

ស្ងួតមាត់២

ស្ងួតមាត់២

  • ទំពា​ស្ករ​​កៅស៊ូ​ ​ឬ​ជញ្ជក់​ស្ករ​គ្រាប់

​​​ជា​ទូទៅ​ ​ការ​ទំពា​ស្ករ​កៅស៊ូ​ ឬ​ជញ្ជក់​ស្ករ​គ្រាប់​ដែល​ពុំ​មាន​ជាតិ​ស្ករ​ អាច​​ផ្ដល់​ផល​វិជ្ជមាន​ដល់​គ្នា​យើង​មួយ​ចំនួន​។​។ ប៉ុន្តែ​ ចូរ​ជៀសវាង​​ការ​ញ៉ាំ​ស្ករ​ដែល​មាន​កាឡូរី​ និង​កាបូអ៊ីដ្រាត​​លើស​កម្រិត​​ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​របស់​យើង​ធ្ងន់ធ្ងរ​នៅ​ពេល​ក្រោយ​។

  • ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ កាហ្វេ​អ៊ីន​ និង​​ទឹក​ផ្លែ​ឈើ​ដែល​មាន​ជាតិ​អាស៊ីដ​​​​​

ពិត​ណាស់​ ​នៅ​ពេល​ដែល​យើង​ស្ងួត​មាត់​ ការ​ញ៉ាំ​កាហ្វេ​ ឬ​ឡាតេ​ និង​ទឹក​ផ្លែឈើ​ដែល​​ផ្សំ​ពី​​​ផ្លែ​ក្រូច​ ក៏​ដូចជា​ញ៉ាំ​ស្រា​ក្រហម​នៅ​ពេល​ល្ងាច​ វា​នឹង​​ធ្វើ​ឲ្យ​​បញ្ហា​ស្ងួត​មាត់​នេះ​កាន់​តែ​អាក្រក់​ទៅ​។​ ម្យ៉ាង​វិញ​ទៀត​ ចូរ​​​ជ្រើសរើស​យក​តែ​ផលិតផល​ប្រើប្រាស់​ណា​ ដែល​ពុំ​មាន​ជាតិ​អាកុល។​

  • កុំ​ជក់​បារី

​​​ការ​ជក់​បារី​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ជា​ទូទៅ​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​កាន់​តែ​ស្ងួត​មាត់​លើស​ដើម​។​ ដូចនេះ​ ការ​ឈប់​ជក់​បារី​ មាន​សារសំខាន់​ខ្លាំង​ណាស់​ចំពោះ​សុខភាព​ទាំងមូល​ ក៏​ដូចជា​បញ្ហា​ស្ងួត​មាត់​នេះ​ផង​ដែរ​។

  • ដុះ​ធ្មេញ​បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច

គ្នា​យើង​អាច​ជ្រលក់​ច្រាសដុះ​ធ្មេញ​ជាមួយ​នឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ ដើម្បី​​​ជៀសវាង​ការ​ដាច់​រលាត់​អញ្ចាញ​ធ្មេញ​។​ បន្ថែម​ពី​នេះ​ ចូរ​ដុះ​ធ្មេញ​រាល់​ពេល​ដែល​យើង​អាហារ​រួច​ និង​នៅ​មុន​ពេល​ចូល​គេង​ ក៏​ដូចជា​ប្រើ​ទឹក​ខ្ពុរ​មាត់​ដែល​មាន​ជាតិ​Fluoride ដើម្បី​ការពារ​​ការ​ពុក​ធ្មេញ​។

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap