កូនទើបកើតយំយប់ខ្លាំង អាច​មកពី​មូល​ហេតុទាំងនេះ

ទើប​ក្លាយ​ជា​ប៉ា​ម៉ាក់​ថ្មី​ថ្មោង​ផង កូន​តូច​ទើប​កើត​ចេះ​តែ​យំ​យប់​​ជា​ប្រចាំ ច្បាស់ជា​ឆ្ងល់​ផង បារម្ភ​ផង និង​ថែម​ទាំង​អាច​មាន​អារម្មណ៍​មួរ​ម៉ៅ​ផង​ដែរ​។ បើ​សិន​ជា​កូន​យើង​ឲ្យ​តែ​ដល់​ពេល​រសៀល ឬ​ពេល​ក្បាល​ព្រលប់​​ចាប់​ផ្ដើម​យំ​ធ្វើ​ទុក្ខ អាច​មកពី​មូល​ហេតុ​ច្រើន​យ៉ាង តែ​ក៏​​មិន​គួរ​បារម្ភ​ពេក​ដែរ ព្រោះ​នេះ​អាច​ជា​រឿង​ធម្មតា ហើយ​ក្មេង​ផ្សេង​ទៀត​ក៏​បែប​ហ្នឹង​ដែរ​។

. មូលហេតុ​ក្មេង​យំ​យប់​

មូល​ហេតុ​មួយ​ចំនួន​ខាង​ក្រោម​នេះ​អាច​ជា​មូល​ហេតុ​ដែល​កូន​ទើប​កើត​របស់​យើង​ចេះ​តែ​យំ​ពេល​យប់​។

  • រាងកាយ​កំពុង​លូតលាស់ និង​ឃ្លាន៖ ព្រោះ​តែ​កូន​យើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​លូត​លាស់​ខ្លាំង ជា​ធម្មតា​តា​នៅ​អាយុ​២ទៅ​៣​សប្ដាហ៍ ៦​សប្ដាហ៍ និង​៣​ខែ។ ក្នុង​រយៈពេល​នេះ​កូន​ទើប​កើត​តែង​ឃ្លាន​ខ្លាំង និង​ត្រូវ​ការ​បៅ​​ញឹក​​ញាប់​។
  • លំហូរ​ទឹកដោះ​យឺត ជា​ធម្មតា​ម៉ាក់​តែ​គិត​ថា​ពេល​កូន​យំ កូន​ប្រហែល​ជា​បៅ​ មិន​បាន​គ្រប់​គ្រាន់ តែ​​វា​មិន​មែន​បែប​នេះ​គ្រប់​ពេល​នោះ​ទេ​។ សារធាតុ​ក្នុង​ទឹក​ដោះ​ម៉ាក់ៗ​ប្រែ​ប្រួល​នៅ​ពេល​យប់​ ហើយ​ម៉ាក់ៗ​ប្រហែល​ជា​អាច​សង្កេត​មើល​ដឹង​ថា​ទឹក​ដោះ​ហូរ​យឺត​ជាង​​ធម្មតា។ ការ​ប្រែ​ប្រួល​បរិមាណ​ទឹក​ដោះ​នេះ អាច​ធ្វើ​ឲ្យ​កូន​រញ៉ាំ​រញ៉ូវ​ដូច​គ្នា​។
  • ហ្គាស​ក្នុង​ពោះ៖ បើ​កូន​យើង​មាន​ជាតិ​ហ្គាស​នៅ​ក្នុង​ពោះ ហើយ​មិន​អាច​បញ្ចេញ​មក​ក្រៅ​តាម​ប្រព័ន្ធ​រំលាយ​អាហារ​បានទេ​នោះ កូន​នឹង​​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ដូច​គ្នា​។​
  • កូន​អស់កម្លាំង​ខ្លាំង៖ មានការ​យល់​ច្រឡំ​ជា​ទូទៅ​មួយ​ថា​ការ​ដាក់​ក្មេង​ឲ្យ​នៅ​លេង​​យូរ​ម៉ោង និង​ធ្វើ​ឲ្យ​ក្មេង​គេង​បាន​យូរ​ដូច​គ្នា។ ប៉ុន្តែ បើ​កូន​យើង​នៅ​ភ្ញាក់​មិន​បាន​គេង​ថ្ងៃ​ឲ្យ​បាន​ត្រឹម​ត្រូវ នោះ​កូន​យើង​នឹង​បែរ​ជា​អស់​កម្លាំង​ខ្លាំង​ទៅ​វិញ​។ ក្មេង​ដែល​អស់​កម្លាំង​ខ្លាំង នឹង​ពិបាក​គេង​នៅ​ពេល​យប់​​។
  • ស្មារ​តីរបស់​កូន កូន​តូច​ដែល​មានការ​លូត​លាស់​ប្រព័ន្ធ​ប្រ​សាទ​យឺត​ គឺ​មាន​ប្រតិកម្ម​ខ្លាំង​ទៅ​នឹង​ពន្លឺ សំឡេង និង​ការ​ប្រែ​ប្រួល​មជ្ឈដ្ឋាន​ជុំ​វិញ​​ខ្លួន​។ ឧទាហរណ៍​ដូច​ជា​ពន្លឺ​ទូរទស្សន៍ ឬ​សំឡេង​ណា​មួយបន្លឺ​ឡើង ក៏​ធ្វើ​ឲ្យ​កូន​យើង​យំ​បាន​ដែរ។
  • ចុក​ក្នុង​ពោះ៖ បើ​សិន​ជា​កូន​យើង​ចេះ​តែ​យំ​​ពី​៣ម៉ោង ឬ​លើស​ពី​នេះ ក្នុង​រយៈពេល​៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ពី​បី​សប្ដាហ៍​ឡើង​ទៅ យើង​គួរ​នាំ​កូន​ទៅ​ជួប​គ្រួពេទ្យ​ហើយ​។ គ្រូ​ពេទ្យ​ផ្នែក​កុមារ​អាច​ពិនិត្យ​រក​មូល​ហេតុ​ និង​អាការៈ​របស់​កូន​យើង​បាន​។​​​​​

កូនតូច​យំ

. ក្មេង​អាច​ឈប់​យំ​យប់​នៅ​ពេល​ណា?

ក្មេង​ខ្លះ អាច​នឹង​ងាយ​​យំ​យប់​នៅ​ពេល​មាន​អាយុ​បាន​២ទៅ​៣​សប្ដាហ៍ ព្រោះ​ពេល​នេះ​ជា​ពេល​ដែល​កូន​កំពុង​លូត​លាស់​ខ្លាំង និង​ត្រូវ​ការ​បៅ​ញឹកញាប់​។​

ក្មេង​មួយ​ចំនួន​ទៀត នឹង​មាន​បញ្ហា​យំ​យប់​ខ្លាំង​បំផុត​នៅ​សប្ដាហ៍​ទី​៦ ហើយ​មក​ដល់​ដំណាក់​កាល​នេះ ប៉ា​ម៉ាក់​ក៏​អាច​សង្ឃឹម​ដែរ​ថា កូន​នឹង​លែង​សូវ​យំយប់​វិញ​នៅ​ពេល​បន្ទាប់​។

យ៉ាងណា គ្មាន​ការ​កំណត់​ជាក់​លាក់​ណាមួយ​ថា​កូន​អាច​នឹង​លែង​យំ​យប់​នៅ​ពេល​ណា​ឲ្យ​ប្រាកដ​នោះ​ទេ តែថា​ក្មេង​ភាគ​ច្រើន​នឹង​លែង​សូវ​យំ​យប់​នៅ​ពេល​មាន​អាយុ​៣ទៅ​៤​ខែ​។

. វិធី​ដោះ​ស្រាយ​ខ្លះៗ

  • បីកូនជាប់ទ្រូង​៖ ពេល​កូន​ក្នុង​វ័យ​នេះ​យំ​ ម៉ាក់ៗ​អាច​លើក​កូន​បី ព្រោះ​ថា​ការ​បាន​នៅ​ជិត​ និង​ឮចង្វាក់​បេះ​​ដូង​របស់​ម៉ាក់ៗ​ក៏​អាច​ជួយ​ឲ្យ​ក្មេង​មាន​អារម្មណ៍​ស្ងប់​ដែរ​។​
  • បីដើរ៖ ដូច​គ្នា​ដែរ ពេល​កូន​យំ យើង​អាច​បី​កូន​ដើរ​ចុះ​ឡើង​បន្តិច​ក៏​បាន​។​ ចង្វាក់​នៃ​ការ​ដើរ​ចុះឡើង ក៏​អាច​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ល្អ​ខ្លះ​ដែរ​។
  • បន្ថយ​កត្តា​រំខាន៖ ប៉ា​ម៉ាក់​អាច​បន្ថយ​ពន្លឺ​ភ្លើង​ក្នុង​បន្ទប់ ឬ​បើ​មាន​បើក​វិទ្យុ ឬ​ទូរ​ទស្សន៍ គួរ​បន្ថយ​សំឡេង ដើម្បី​កាត់​បន្ថយ​ការ​រំខាន​ដល់​កូន។
  • ប្ដូរ​ទីតាំង​​បំបៅ​ដោះ៖ ការ​ប្រែ​ប្រួល​ទីតាំង​បំបៅ​ដោះ អាច​ជួយ​ឲ្យ​លំហូរ​ទឹក​​ដោះ​ប្រែ​ប្រួល​ដែរ ហើយ​ការ​ប្រែ​ប្រួល​លំហូរ​ទឹក​ដោះ​នេះ​អាច​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ល្អ​ឡើង​វិញ​ដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap