កូនតូចមានស្នាមក្រោយដួល ឬមុតអ្វីមួយ អាចបំបាត់បានដោយវិធីសាស្រ្ត ៣ នេះ


អំឡុង​ពេល​ដែល​កូន​លូតលាស់​ធំ​ទៅ​ៗ អា​អូន​ច្បាស់​ជា​ដួល ឬ​មុត​នេះ មុត​នោះ ដោយ​សារ​តែ​ភាព​រពឹស និង​ភាព​ងឿង​ឆ្ងល់​ពី​ធម្មជាតិ​របស់​ក្មេង។ ពេល​ខ្លះ របួស​ដែល​បង្ក​ឡើង​ដោយ​ការ​មុត ឬ​ដួល​អស់​នោះ អាច​បន្សល់​ជា​ស្លាក​ស្នាម ជាប់​រហូត​ដល់​អា​អូន​ធំ​បាន។

ចំពោះ​ក្មេង​ៗ ស្លាក​ស្នាម​តូច​ៗ​អាច​បាត់​ទៅ​វិញ​ដោយ​ឯក​ឯង ប៉ុន្តែបើ​ស្នាម​លើ​រាងកាយ​កូន​ធំ ឬ​ជ្រៅ​ទាម​ទារ​ឲ្យ​មាន​ការ​ព្យាបាល ដើម្បី​បំបាត់​ស្លាក​ស្នាម។ វិធី​សាស្ត្រ​ខាង​ក្រោម​ប៉ុន្មាន​នេះ ម៉ាក់​ប៉ា​អាច​ជួយ​បំបាត់​ស្លាក​ស្នាម​លើ​ខ្លួន​អា​អូន​បាន​រួម​មាន៖

១. ថ្នាំ​លាប​បំបាត់​ស្នាម៖ ថ្នាំ​លាប​បំបាត់​ស្នាម គ្រីម ជែល ឬ​ឡេ​ផ្ដល់​សំណើម ដែល​មាន​សារធាតុ វីតាមីនE ឬ​ប្រេង អាច​ជួយ​ឲ្យ​រូបរាង​ស្នាម​គ្រាន់​បើ​ជាង​មុន និង​ធ្វើ​ឲ្យ​ស្នាម​មើល​មិន​សូវ​ឃើញ។ តែ មុន​នឹង​សម្រេច​ប្រើ​ថ្នាំ​អ្វី​មួយ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន​។

២. ការ​ព្យាបាល​ដោយ​ឡាស៊ែរ៖ ស្រទាប់​លើ​នៃ​ជាលិកា​ស្លាកស្នាម​ត្រូវ​បាន​យក​ចេញ​ដោយ​ការ​ប្រើ​កាំ​រស្មី​ឡាស៊ែរ ជា​ហេតុ​កាត់​បន្ថយ​កម្រាស់​របស់​ស្លាក​ស្នាម​បាន។ ការ​ណែ​នាំ​ឲ្យ​ព្យាបាល​ដោយ​កាំរស្មី​ឡាស៊ែរ គឺ​អាស្រ័យ​ទៅ​លើ​ជម្រៅ​របស់​ស្លាក​ស្នាម។ គ្រប់​ស្លាក​ស្នាម​ទាំង​អស់​អាច​ប្រើ​វិធី​ព្យាបាល​ដោយ​ប្រើ​ឡាស៊ែរ​បាន សូម្បី​តែ​ស្នាម​ផ្លែ​ក៏​អាច​ព្យាបាល​បាន​ដែរ។

៣. ការ​ចាក់​ថ្នាំ៖ ការ​ចាក់​ថ្នាំស្តេរ៉យ ត្រូវ​បាន​ប្រើ​ដើម្បី​កាត់​បន្ថយ​ទំហំ និង​កែ​ល្អ​រូបរាង​របស់​ស្នាម។ វិធី​ព្យាបាល​ស្នាម​ដោយ​ការ​ចាក់​ថ្នាំ​នេះ ភាគ​ច្រើន​ប្រើ​ទៅ​លើ​ស្នាម​ផ្លែ ហើយ​ការ​ចាក់​ថ្នាំស្តេរ៉យ អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ រមាស់ និង​ឡើង​កន្ទួល​ក្រហម បង្ក​ឡើង​ដោយ​ស្លាក​ស្នាម​បាន​។ បន្ទាប់​ពី​ចាក់​ថ្នាំ​នេះ​ហើយ ស្លាក​ស្នាម​អាច​ជា​ល្អ​ប្រសើរ​បាន​៥០% ឬ​អាច​ជា​បាត់​ទៅ​វិញ​ទាំង​ស្រុង​តែ​ម្ដង។ ប៉ុន្តែ ការ​ចាក់​ថ្នាំ​នេះ​មាន​ផល​រំខាន​តិច​តួច ដែល​យើង​ត្រូវ​ពិគ្រោះ​ជាមួយ​ពេទ្យ​ជា​មុន​សិន។

ក្រៅ​ពី​វិធី​ព្យាបាល​ស្លាក​ស្នាម​ខាង​លើ​នេះ ម៉ាក់​ប៉ា​គួរ​តែ​មាន​វិធី​បង្ការ​ផ្សេង​ៗ ការពារ​កូន​មិន​ឲ្យ​កើត​ស្លាក​ស្នាម​លើ​ខ្លួន​បាន​ដូច​ជា៖

– ចំពោះ​ស្នាម​រយះ និង​មុត​តូចៗ ត្រូវ​លាង​សម្អាត​មុខ​របួស​ដោយ​ទឹក និង​សាប៊ូ។ ការ​លាង​សម្អាត អាច​ជួយ​កាត់​បន្ថយ​ឱកាស​នៃ​ការ​ឆ្លង​មេរោគ ហើយ​អាច​ជួយ​ការពារ​កុំ​អោយ​មាន​ស្នាម។ នៅ​ពេល​ដែល​មុខ​របួស​ត្រូវ​បាន​សម្អាត ម៉ាក់​ប៉ា​អាច​លាប​គ្រីម​ប្រឆាំង​នឹង​បាក់តេរី ហើយ​ប្រើ​បង់​រុំ​របួស។
– ជំរុញ​ឲ្យ​កូន​ពាក់​ឧបករណ៍​ការពារ​សុវត្ថិភាព​ដូច​ជា មួក​សុវត្ថិភាព និង​ជ័រ​ការពារ​កែង​ដៃ ជង្គង់​។ល។ ពេល​ជិះ​កង់ ឬ​ជិះ​ស្គី​លេង ដើម្បី​ការពារ​កូន​ពី​របួស​ផ្សេង​ៗ។
– ពេល​រមាស់ ហាម​កូន​កុំ​ឲ្យ​កេះ ឬ​អេះ​វា ព្រោះ​អាច​ធ្វើ​ឲ្យ​ឆ្លង​មេរោគ និង​ដំ​បៅ​កាន់​តែ​ធ្ងន់ធ្ងរ។ល។​

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap