រោគសញ្ញាអាលែកហ្ស៊ី និងរលាកប្រហោងឆ្អឹងច្រមុះខុសគ្នាបែបណា?
ពេលមួយយើងតឹងច្រមុះមិនបាត់ទៅវិញក្នុងរយៈពេលខ្លី តែបែរជាអូសបន្លាយរហូតលើសពីពីរបីថ្ងៃ នោះអាចថាយើងមិនមែនកើតជំងឺផ្ដាសាយទេ។ ប៉ុន្តែអាការៈនេះអាចថាយើងមានបញ្ហារលាកប្រហោងឆ្អឹងច្រមុះ ឬអាលែកហ្ស៊ី។
អាការៈទាំងពីរនេះមានរោគសញ្ញាស្រដៀងគ្នាច្រើន ដែលអាចធ្វើឲ្យអ្នកជំងឺមានការភាន់ច្រឡំ។ ប៉ុន្តែអាការៈទាំងពីរមានមូលហេតុបង្កចម្បងខុសគ្នា និងវិធីព្យាបាលក៏ផ្សេងគ្នាដែរ។
១. មូលហេតុបង្ក
ទាំងរលាកប្រហោងឆ្អឹងច្រមុះ និងអាលែកហ្ស៊ី គឺធ្វើឲ្យច្រមុះ និងប្រហោងឆ្អឹងច្រមុះស្ទះ និងពិបាកដកដង្ហើមដូចគ្នា គ្រាន់តែថាវាបង្កមកពីមូលហេតុផ្សេងៗគ្នា។
បើសិនជាយើងកើតមានអាការៈអាលែកហ្ស៊ី រន្ធច្រមុះរបស់យើងនឹងឡើងហើម ព្រោះតែច្រមុះ និងប្រហោងឆ្អឹងច្រមុះព្យាយាមបញ្ចញធាតុបង្កអាលែកហ្ស៊ី ឬអាលែកហ្ស៊ែន ចេញមកក្រៅ។ ការណ៍នេះ កើតឡើងដោយសារយើងមានបញ្ហាអាលែកហ្ស៊ីជាមួយលម្អងផ្កា ធូលី ឬរោមសត្វ ជាដើម។
ចំណែកការរលាកប្រហោងឆ្អឹងច្រមុះវិញ កើតឡើងដោយសារបញ្ហាអាលែកហ្ស៊ី ឬផ្ដាសាយ តែក្នុងករណីកម្រខ្លះ វាកើតឡើងដោយសារពពួកបាក់តេរីធ្វើឲ្យមានការរលាកដែរ។
ពេលយើងជួបបញ្ហាអាលែកហ្ស៊ី និងផ្ដាសាយ ច្រមុះ និងប្រហោងឆ្អឹងច្រមុះរបស់យើងនឹងរលាក ដែលនេះធ្វើឲ្យរាំងស្ទះដល់ការហូរចេញរបស់ស្លេស្ម នាំឲ្យកើតមានការឆ្លងរោគ នេះមិនទាន់និយាយដល់អាការៈឈឺចាប់ និងសម្ពាធនោះផង។
ប្រសិនបើយើងមានបញ្ហាអាលែកហ្ស៊ី យើងទំនងជាអាចមានបញ្ហានៅប្រហោងឆ្អឹងច្រមុះ ព្រោះនៅក្នុងច្រមុះ និងប្រហោងឆ្អឹងច្រមុះនឹងហើម នៅពេលយើងដកដង្ហើម។
២. រោគសញ្ញា
រោគសញ្ញារបស់អាលែកហ្ស៊ី និងការរលាកប្រហោងឆ្អឹងច្រមុះមានលក្ខណៈដូចគ្នាច្រើន។ អាការៈទាំងពីរអាចធ្វើឲ្យយើងតឹងច្រមុះដូចគ្នា។ យ៉ាងណា ប្រសិនបើយើងមានបញ្ហាអាលែកហ្ស៊ីយើងនឹងមានរោគសញ្ញាមួយចំនួននេះទៀត។
- ហៀរសម្បោរ និងកណ្ដាស់
- ហូរទឹកភ្នែក ឬរមាស់ភ្នែក
- ឮសំឡេងដូចហូច
សម្រាប់គ្នាយើងជួបបញ្ហារលាកប្រហោងឆ្អឹងច្រមុះវិញក្រៅពីតឹងច្រមុះ អាចមានរោគសញ្ញាផ្សេងទៀតដូចជា៖
- ស្លេស្មឡើងខាប់ និងមានពណ៌
- ឈឺចាប់ មានអារម្មណ៍ថាហើមនៅជុំវិញថ្ងាស ភ្នែក និងថ្ពាល់
- ឈឺក្បាល ឬឈឺក្នុងធ្មេញ
- ស្លេស្មធ្លាក់ចូលបំពង់ក
- ធុំក្លិនខ្យល់ដង្ហើម
- អស់កម្លាំង និង
- ក្ដៅខ្លួនស្ទេញៗ
គ្នាយើងបើមានអាការៈដូចបានរៀបរាប់ខាងលើ គួរទៅជួបគ្រូពេទ្យដើម្បីធ្វើរោគវិនិច្ឆ័យ ឲ្យបានច្បាស់លាស់ និងទទួលបានការព្យាបាលត្រឹមត្រូវ។