ការ​ភ្លេចភ្លាំង​ក្រោយ​សម្រាល​ជា​អ្វី? ដោះស្រាយ​បែប​ណា​?

តើ​ម៉ាក់​ៗ​ណា​ខ្លះ​ ដែល​ដើរ​ចូល​បន្ទប់​មួយ​​ ហើយ​មិន​ដឹង​ថា​ខ្លួន​ចូល​ទៅ​បន្ទប់​នោះ​ធ្វើ​អ្វី​?​ ឬ​កំពុង​តែ​ស្វែង​រក​វ៉ែនតា​ ដែល​កំពុង​តែ​ពាក់​នៅ​លើ​ក្បាល​របស់​ខ្លួន​ដែរ​ឬ​ទេ? ​ប្រសិនបើ​រឿងរ៉ាវ​ស្រដៀង​នេះ​កើត​ឡើង​ម្ដងម្កាល ម៉ាក់​ៗ​មិន​ចាំបាច់​បារម្ភ​នោះ​ទេ​ ប៉ុន្តែ​ប្រសិនបើ​វា​កើត​ឡើង​ញឹកញាប់​ ហើយ​យើង​ទើប​តែ​សម្រាល​កូន​រួច​ផង​នោះ​ យើង​អាច​​​នឹង​មាន​ឱកាស​​កើត​​មាន​​អាការៈ​ភ្លេចភ្លាំង​ក្រោយ​សម្រាល​។​

ជា​ទូទៅ ​អាការៈ​នេះ​ ​​កើត​ឡើង​បន្ទាប់​ពី​​មាន​ផ្ទៃពោះ​​ ហើយ​ជួន​កាល​ វា​អាច​បន្ត​​​រហូត​ដល់​រយៈពេល​៥​ខែ បន្ទាប់​ពី​សម្រាល​កូន​រួច​។​ យោង​តាម​ការ​សិក្សា​មួយ​ ​បាន​បង្ហាញ​ថា​ ​​នៅ​ពេល​ដែល​យើង​ក្លាយ​ខ្លួន​ជា​អ្នក​ម៉ាក់​ វា​​អាច​មាន​ឥទ្ធិពល​​ជារៀងរហូត​លើ​មុខងារ​នៃ​ការ​យល់​ដឹង​។​ វា​ក៏​អាច​​ធ្វើ​ឲ្យ​មាន​ការ​លូតលាស់​ខួរ​ក្បាល​ ហើយ​ថែម​ទាំង​អាច​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ផ្នែក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​យល់​ដឹង​សង្គម​ និង​​ការ​អាណិត​អាសូរ​ផង​ដែរ​។

កត្តា​អ្វី​ដែល​បណ្ដាល​ឲ្យ​កើត​មាន​ការ​ភ្លេចភ្លាំង​ក្រោយ​សម្រាល

ជាក់​ស្ដែង មាន​កត្តា​ជា​ច្រើន​​ដែល​​នាំ​ឲ្យ​កើត​មាន​អាការៈ​ភ្លេចភ្លាំង​ក្រោយ​សម្រាល​នេះ​ ហើយ​កត្តា​ចម្បង​នោះ​ គឺ​​ជា​តម្រូវ​ការ​ក្នុង​ការ​ថែទាំ​ទារក​​ដែល​ទើប​នឹង​កើត​ ​ដែល​ជា​ញឹកញាប់​ ម៉ាក់​ៗ​​តែង​តែ​លះបង់​ការ​គេង​របស់​ខ្លួន​។​ ​មូលហេតុ​នេះ​ហើយ​ ដែល​បណ្ដាល​ឲ្យ​ខួរ​ក្បាល​ចុះ​ខ្សោយ​ ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​ភ្លេច​ភ្លាំង​ច្រើន​។​ ​ក្រៅ​ពី​នេះ​ ម៉ាក់​ៗ​ដែល​​មាន​ផ្ទៃពោះ​ឆ្លងកាត់​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ប្រសាទ​ក្នុង​ខួរ​ក្បាល​ អំឡុង​ពេល​ និង​ក្រោយ​ពេល​​មាន​ផ្ទៃពោះ​ ដែល​ជះ​ឥទ្ធិពល​ដល់​ការ​ចងចាំ​របស់​ម៉ាក់​ៗ​យ៉ាង​ខ្លាំង​។ ជា​ធម្មតា​ បញ្ហា​នេះ​នឹង​បាត់​ទៅ​វិញ​​ដោយ​ខ្លួន​ឯង​​ទៅ​តាម​ពេលវេលា​។

យើង​គួរ​ដោះស្រាយ​អាការៈ​ភ្លេចភ្លាំង​ក្រោយ​សម្រាល​នេះ​យ៉ាង​ម៉េច​?

​​​​​​​​​ទោះ​បី​ជា​យើង​ដឹង​ថា​ ការ​ភ្លេចភ្លាំង​តិច​តួច​គឺ​ជា​ផ្នែក​មួយ​​នៃ​ការ​ក្លាយ​ជា​អ្នក​ម៉ាក់​ក៏​ពិត​មែន ប៉ុន្តែ​ ពេល​ខ្លះ​ វា​បាន​​ក្លាយ​ជា​​​​រឿង​ដ៏​គួរ​ឲ្យ​ធុញ​ទ្រាន់​​នៅ​ពេល​ដែល​យើង​ភ្លេច​រឿង​សំខាន់​ៗ។​ អាការៈ​​​នេះ​​ មិន​មាន​ភាព​ធ្ងន់ធ្ងរ​ ឬ​មាន​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ឡើយ​។​ ​យ៉ាង​ណា​មិញ​ យើង​មិន​អាច​គេច​ផុត​ពី​ផល​ប៉ះពាល់​​នៃ​ការ​មាន​ផ្ទៃពោះ​នេះ​បាន​ទេ​ ប៉ុន្តែ​ម៉ាក់​ៗ​អាច​​ព្យាយាម​​ដោះស្រាយ​​​​​​វា​បាន​​តាម​វិធីសាស្ត្រ​ទាំង​នេះ​​។

. កត់ត្រា​កិច្ចការ​ចាំបាច់​ដែល​ត្រូវ​ធ្វើ​

វិធីសាស្ត្រ​ដែល​​ល្អ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​ភ្លេចភ្លាំង គឺ​ការ​កត់ត្រា​​កិច្ចការ​​សំខាន់​ៗ​​ដែល​ត្រូវ​ធ្វើ​ ​នៅ​ពេល​ដែល​យើង​ចាំបាច់​ត្រូវ​ចងចាំ​រឿងរ៉ាវ​ជាច្រើន​។​ ចូរ​រក្សា​ទុក​ក្រដាស​កត់ត្រា​នៅ​ជិត​ខ្លួន​ ដូច្នេះ​ហើយ​ យើង​អាច​កត់ត្រា​ភ្លាម​ៗ​​ចំពោះ​រឿងរ៉ាវ​ដែល​សំខាន់​ៗ​។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​អាច​ដាក់​​សំឡេង​​រោទិ៍​​ ឬ​កត់ត្រា​នៅ​ក្នុង​Reminder ​ដែល​មាន​នៅ​ក្នុង​ទូរសព្ទ​បាន​ដូច​គ្នា​​។​

ភ្លេចភ្លាំង​ក្រោយសម្រាល២

 

​​​. គេង​ឲ្យ​បាន​គ្រប់គ្រាន់​

ជា​ទូទៅ ការ​គេង​មិន​គ្រប់គ្រាន់​ គឺ​​កើត​ឡើង​​នៅ​អំឡុង​ពេល​ពីរ​បី​ខែ​ដំបូង​ បន្ទាប់​ពី​សម្រាល​កូន​រួច​ ដោយ​ម៉ោង​គេង​របស់​ម៉ាក់​ៗ​ ត្រូវ​ផ្អែក​ទៅ​លើ​​ពេលវេលា​​គេង​របស់​កូន​ដែល​ទើប​នឹង​កើត​។​ យូរ​ៗ​ទៅ​ ម៉ាក់​ៗ​ច្បាស់​ជា​មាន​អារម្មណ៍​ហត់​នឿយ​ និង​គួរ​ឲ្យ​ធុញ​ទ្រាន់​មិន​ខាន​។​ ពិត​ណាស់​ ការ​គេង​គ្រប់គ្រាន់​ គឺ​មាន​សារសំខាន់​ណាស់​សម្រាប់​ដំណើរការ​ធម្មតា​នៃ​ខួរ​ក្បាល​ និង​រាងកាយ​របស់​យើង​។ ដូច្នេះ​ហើយ​ ចូរ​រៀបចំ​​ពេលវេលា​​គេង​របស់​ម៉ាក់​ៗ​ ឲ្យ​ត្រូវ​គ្នា​ជាមួយ​នឹង​អា​អូន​ដែល​ទើប​នឹង​កើត​ ទើប​ជា​ការ​ប្រសើរ​។​

. ថែរក្សាខុសភាពផ្លូវកាយ និង​ផ្លូវ​ចិត្ត​​​

នៅ​ពេល​ដែល​ម៉ាក់​ៗ​​មាន​ពេល​វេលា​ ម៉ាក់​ៗ​គួរ​ចូលរួម​ជាមួយ​នឹង​សកម្មភាព​​ជំនួយ​ដល់​រាងកាយ​ និង​ការ​ចងចាំ ដោយ​ការ​លេង​​ហ្គេម​ផ្គុំ​ពាក្យ​ ហ្គេម​ជំនួយ​ប្រាជ្ញា​ ឬ​ក៏​ធ្វើ​លំហាត់​ប្រាណ​មួយ​ចំនួន​ទៀត​។​ ការ​ថែទាំ​សុខភាព​រាងកាយ​ និង​ផ្លូវ​ចិត្ត​អាច​ជួយ​កាត់បន្ថយ​​អាការៈ​ភ្លេចភ្លាំង​បាន​​មួយ​កម្រិត​ផង​ដែរ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap