រដ្ឋមន្រ្តីសុខាភិបាល៖ បុរសដែលមានមេរោគកូរ៉ូណា លុះត្រាតែព្យាបាលជា ទើបបញ្ជូនទៅចិនវិញ

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា លុះត្រាតែបុរសជនជាតិចិន ដែលផ្ទុកមេរោគកូរ៉ូណា ត្រូវបានព្យាបាលជាសះស្បើយជាមុនសិន ទើបកម្ពុជា អាចបញ្ជូនរូបគេទៅកាន់ប្រទេសចិនវិញ។ លោក ថ្លែងដូច្នេះថា៖«មើលឲ្យគាត់ជា ចាំឲ្យគាត់ទៅវិញ កុំឲ្យទៅតាមផ្លូវឆ្លងគេ»។

យ៉ាងណា លោករដ្ឋមន្រ្តី ពុំបាននិយាយឲ្យច្បាស់ឡើយថា កម្ពុជា អាចមានលទ្ធភាពព្យាបាលបុរសជនជាតិនោះ ឲ្យជាសះស្បើយឬយ៉ាងណា។ លោក ប្រកាសប្រាប់សាធារណជនពីការរកឃើញមេរោគកូរ៉ូណាលើបុរសជនជាតិចិននោះ នៅក្នុងសន្និសីទកាសែត នាយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។

លោករដ្ឋមន្រ្តី អះអាងថា អាជ្ញាធរ នឹងបន្តស្រាវជ្រាវរកករណីជំងឺនេះបន្តទៀត ហើយនឹងបន្តផ្សព្វផ្សាយពីជំងឺនេះ តាមធម្យោបាយនានា ជាពិសេសតាមទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល ដើម្បីឲ្យប្រជាពលរដ្ឋបានជ្រាប។

អ្នកស្រីវេជ្ជបណ្ឌិត ឱ សុវណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលចូលរួមធ្វើសន្និសីទជាមួយលោករដ្ឋមន្រ្តី បានប្រាប់អ្នកកាសែតថា បុរសជនជាតិដែលមានផ្ទុកមេរោគកូរ៉ូណានោះ ត្រូវបានដាក់ឲ្យស្ថិតក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកពីគេ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អ្នកស្រី បន្ថែមថា ក្រុមគ្រូពេទ្យ កំពុងតាមដានសុខភាពនិងពិនិត្យព្យាបាលបុរសជនជាតិនោះ។

អ្នកស្រីវេជ្ជបណ្ឌិត អះអាងដូច្នេះថា៖«បច្ចុប្បន្នេះ សុខភាពរបស់គាត់ មានស្ថាភាពនឹងនទេ មិនបង្ហាញសភាពធ្ងន់ធ្ងរណាមួយនៅឡើយទេ លើកលែងតែរោគសញ្ញាមួយគត់ គឺគាត់មានរោគសញ្ញាផ្តាយសាយធម្មតា»។

អ្នកស្រី ប្រាប់ទៀតថា ចំពោះមនុស្ស៣នាក់ទៀត ដែលជាក្រុមគ្រួសាររបស់បុរសជនជាតិចិននោះ ក៏ត្រូវបានដាក់ឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែកដែរ «ដោយមិនឲ្យពួកគេ ចល័តទៅណាឡើយ និងមានការឃ្លាំមើលលើសុខភាពរបស់ពួកគេ ពីសំណាក់ក្រុមគ្រូពេទ្យ»។ អ្នកទាំង៣នាក់នោះ មិនទាន់មានសញ្ញាណាមួយ ដែលបញ្ជាក់ថា បានឆ្លងមេរោគកូរ៉ូណាឡើយ។

លើសពីនេះ អ្នកស្រី និយាយថា ក្រុមគ្រូពេទ្យ បានបាញ់ថ្នាំសម្លាប់មេរោគ នៅកន្លែងពួកគេស្នាក់នៅ។ អ្នកស្រី បន្តថា កម្ពុជា នឹងធ្វើរបាយការណ៍ពីករណីមេរោគកូរ៉ូណាឆ្លងមកដល់កម្ពុជានេះ ទៅកាន់អង្គការសុខភាពពិភពលោក និង ស្ថានទូតចិនប្រចាំកម្ពុជា។

បុរសជនជាតិចិននោះ ត្រូវបានរកឃើញថាផ្ទុកមេរោគកូរ៉ូណា នៅខេត្តព្រះសីហនុ នៅមោង៣រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ បុរសនោះ មានវ័យ៦០ឆ្នាំ បានធ្វើដំណើរជាមួយសមាជិកគ្រូសារ៣នាក់ទៀត ពីក្រុងអ៊ូហាន ខេត្តហឺប៉ី ប្រទេសចិន មកកាន់ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

ខេត្តអ៊ូហាន ជាប្រភពដើមនៃការផ្ទុះជំងឺរលាកសួតដែលបង្កឡើងដោយមេរោគប្រភេទថ្មីម្យ៉ាង ហៅថាមេរោគកូរ៉ូណានេះឯង កាលពីចុងខែធ្នូ ឆ្នាំ២០១៩មក។ គិតមកដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ គេរកឃើញមនុស្សជិត៣ពាន់នាក់ហើយ ដែលបានឆ្លងមេរោគដ៏កាចសាហាវនេះ និងមនុស្ស៨១នាក់ បានបាត់បង់ជីវិត នៅប្រទេសចិន។

មេរោគប្រភេទថ្មី ដែលមិនទាន់មានវ៉ាក់សាំងការពារនេះ បានឆ្លងដល់បណ្តាប្រទេសនានា មានដូចជា វៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី កម្ពុជា ជប៉ុន កូរ៉េខាងត្បូង អាមេរិក អ៊ូស្ត្រាលី បារាំង ណេប៉ាល់ និង កាណាដា ជាដើម តែមិនមានអ្នកបាត់បង់ជីវិតឡើយ ក្រៅតែពីនៅប្រទេសចិន៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap