កុំឆ្ងល់ច្រើន នេះជាដំណើរការ COVID-19 បំផ្លាញសរីរាង្គយើងពេលចូល​ក្នុង​ខ្លួន


អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​វីរុស​COVID-19 ដែល​ផ្ទុះ​ឡើង​កាល​ពី​ខែ​ធ្នូ​នៅ​តំបន់​អ៊ូហាន​ប្រទេស​ចិន។ វីរុស​នេះ​បាន​ឆ្លង​ជាង​៦០​ប្រទេស​ទូទាំង​ពិភព​លោកគិតមកដល់​ពេលនេះ។

ពពួក​វីរុស​កូរ៉ូណា​ដែល​ឆ្លង​ពី​សត្វ​មក​មនុស្ស​ដូចជា​ជំងឺ ​SARS និង​MERS គឺ​មាន​លក្ខណៈ​ខុស​ពី​ជំងឺ​ផ្ដាសាយ​ដែល​វីរុសកូរ៉ូណា​ទាំង​នេះ​អាច​រាល​ដាល​ទៅ​គ្រប់​សរីរាង្គ​របស់​មនុស្ស។ វីរុស​កូរ៉ូណា​ថ្មី COVID-19 ក៏​មាន​លក្ខណៈ​បែប​នេះ​ក្នុង​ករណី​ធ្ងន់​ធ្ងរ។ ដោយ​សារ​តែ​វីរុស​COVID-19 មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ជំងឺ​SARS អ្នក​វិទ្យាសាស្ត្រ​បាន​បូក​បញ្ចូល​ការ​សិក្សា​ទៅ​លើ​ជំងឺ​ SARS និងMERS ដើម្បី​ពន្យល់​ពី​ការ​ប្រែ​ប្រួល​របស់​រាង​កាយ​ក្រោយ​ពី​ឆ្លង​វីរុស​កូរ៉ូណា។

សួត
ភាគ​ច្រើន​នៃ​អ្នក​ជំងឺ COVID-19 សួត​ជា​សរីរាង្គ​ដំបូង​ដែល​វីរុស​ចាប់​ផ្តើម​ចម្លង ដោយ​សារ​ COVID-19 ជា​ជំងឺ​ផ្លូវ​ដង្ហើម។

ក្រោយ​ពី​ការ​ផ្ទុះ​នៃ​ជំងឺ​ ​SARS អង្គការ​សុខភាព​ពិភព​លោក (WHO)បាន​បង្ហាញ​ថា​ជំងឺ​នេះ​វាយ​ប្រហារ​ទៅ​លើ​សួត​បី​ដំណាក់​កាល។ ដំណាក់​កាល វីរុស​បំបែក​ខ្លួន (Viral replication) ដំណាក់កាល​ប្រព័ន្ធ ភាព​ស៊ាំ​ឆ្លើយ​តប​ខ្លាំង (Immune hyper-reactivity )និង​ ដំណាក់​កាល​បំផ្លាញ​សួត (pulmonary destruction)។ ប៉ុន្តែ​មិន​មែន​គ្រប់​អ្នក​ជំងឺ​ទាំង​អស់​សុទ្ធ​តែ​ឆ្លង​កាត់​ទាំង​បី​ដំណាក់​កាល​នេះ​ទេ មាន​តែ​២៥%​ប៉ុណ្ណោះ​ដែល​មាន​បញ្ហា​សួត​ចុះ​ខ្សោយ​ដែល​ជា​សញ្ញា​ក្នុង​ករណី​ធ្ងន់ធ្ងរ។ ដូច​គ្នា​ទៅ​នឹង​ COVID-19ដែរ អ្នក​ឆ្លង​៨២% គឺ​មាន​រោគ​សញ្ញា​ស្រាល និង១៨%​មាន​អាការៈ​ធ្ងន់ធ្ងរ។

អ្នក​ស្រាវ​ជ្រាវ​វេជ្ជសាស្ត្រ​ លោក Matthew B. Frieman នៅ​សាកលវិទ្យាល័យ​ Maryland សហរដ្ឋអាមេរិកបាន​សិក្សា​លម្អិត​ទៅ​លើ​ភ្នាក់​ចម្លង​នៃ​វីរុស​កូរ៉ូណា​បាន​លើក​ឡើង​ថា​វីរុស COVID-19 ​ស្រដៀង​ទៅ​នឹង​ជំងឺ SARS។ នៅ​រយៈពេល​ដំបូង​នៃ​ការ​ឆ្លង វីរុស COVID-19 នឹង​ជ្រៀត​ចូល​ទៅ​ក្នុង​កោសិកា​សួត​ដែលមានពីរប្រភេទ​គឺ កោសិកា​ដែល​ផលិត Mucus (ដែល​ជាសារធាតុ​អន្ធិល ជួយ​ការពារ​ជាលិកា​សួត​ពី​ភ្នាក់​ងារ​ចម្លង និង​បង្ការ​កុំ​ឲ្យ​ប្រព័ន្ធ​ដង្ហើម​ស្ងួត ឬអាចហៅថាស្លេស្ម) និងកោសិកា​ដែល​មាន​រោមតូចៗ​ហៅ​ថា Cilia (ស្ថិត​នៅ​ជុំវិញ​ mucus​កំចាត់​នូវកម្ទិចកម្ទី​តូច​ៗដូចជា​ធូលី ឬ​វីរុស​ផ្សេងៗ)។ ជំងឺSARS នឹង​បំផ្លាញ​កោសិកា Cilia នាំឲ្យ​ផ្លូវ​ដង្ហើម​អ្នក​ជំងឺ​ពោរ​ពេញ​ទៅ​ដោយ​ធូលី និង​ទឹក (Fluids)។ ហេតុនេះ​សាស្ត្រាចារ្យ​រូប​នេះ​ក៏​បាន​សន្និដ្ឋាន​ថា​វីរុស COVID-19 ក៏​បែប​នេះ​ដែរ ដោយ​សារ​អ្នក​ឆ្លង​វីរុស COVID-19 មាន​ជំងឺ​រលាក​សួត​ទាំង​សង​ខាង និង​ពិបាកដកដង្ហើមនិងមាន​ដង្ហើម​ខ្លីៗ។

នៅ​ដំណាក់​កាល​ទី​២ ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​ធ្វើ​ការ​ប្រឆាំង​ទៅ​នឹង​វីរុស​ដែល​លុក​លុយ​ដោយ​បញ្ជូន​កោសិកា​ភាព​ស៊ាំ​(immune cell)ទៅ​ក្នុង​សួត​ដើម្បី​កំចាត់​នូវ​ការ​ខូចខាត​ និង​ជួសជុល​ជាលិកា​សួត។ នៅ​ពេល​ដំណើរ​ការ​ត្រឹម​ត្រូវ ដំណើរ​នៃ​ការ​រលាក​គឺ​នៅ​តែ​តំបន់​ដែល​ឆ្លង​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​ខ្លះ​ដំណើរ​ការ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​ដំណើរការ​មិន​ត្រឹម​ត្រូវ អាច​បំផ្លាញ​កោសិកា​ល្អផ្សេង​ទៀត​ដែល​នៅ​ជុំវិញ។ ដូចនេះ ពពួក កម្ទេចកម្ទីតូច​ៗ នឹង​ផ្តុំ​នៅ​សួត​ធ្វើ​ឲ្យ​ជំងឺ​រលាក​សួត​កាន់​តែ​ធ្ងន់ធ្ងរ ព្រោះ​ទទួល​ការ​ខូច​ខាត​ច្រើន​ពី​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ។

នៅ​ដំណាក់​កាល​ទី៣ ការ​ខូច​ខាត​នៃ​សួត​នៅ​តែ​បន្ត​មាន​ដែល​អាច​បណ្តាល​ឲ្យ​មាន​ការ​ចុះ​ខ្សោយ​នៃ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម។ ទោះ​បី​ជា​អ្នក​ជំងឺ​មិន​ស្លាប់​ ប៉ុន្តែ​អ្នក​ជំងឺ​ក៏​នៅ​មាន​ការ​ខូច​ខាត​សួត។ អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​ថា SARS ធ្វើ​ឲ្យ​សួត​មាន​រន្ធ​ដែល​រូប​រាង​ដូច​នឹង​សំបុក​ឃ្មុំ ហើយ​បញ្ហា​នេះ​ក៏​មាន​នៅ​លើ​អ្នក​ឆ្លង​វីរុស COVID-19 ដូចគ្នា។ រន្ធ​ទាំង​នេះ​កើត​ឡើង​ដោយ​សារ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ។ នៅ​ពេល​មាន​ករណី​នេះ អ្នក​ជំងឺ​ត្រូវ​ការ​បញ្ចូល​អុកស៊ីហ្សែន។ ខណៈ​ពេល​នោះ​ដែរ ការ​រលាក​ក៏​ធ្វើ​ឲ្យ​ភ្នាស​នៃ​ថង់​ខ្យល់(air sacs) និង​សរសៃ​ឈាម​អាច​ជ្រាប​ទឹក​បាន នាំ​ឲ្យ​សួត​មាន​ជាតិ​ទឹក​និង​ប៉ះ​ពាល់​ដល់​ការ​បញ្ជូន​អុកស៊ីហ្សែន​ក្នុង​ឈាម​(Oxygenate blood)។ ក្នុង​ករណី​ធ្ងន់ធ្ងរ​ អ្នក​ជំងឺ​អាច​ស្លាប់។

ក្រពះ និង​ពោះវៀន
អំឡុង​ពេល​ផ្ទុះ​ជំងឺ​SARS និង​ MERS មួយ​ភាគ​បួន​នៃ​អ្នក​ជំងឺ​មាន​រោគ​សញ្ញា​រាក។ ប៉ុន្តែ​សាស្ត្រាចារ្យ Frieman បាន​និយាយ​ថា​មិន​ទាន់​មាន​ភស្តុតាង​ច្បាស់​ថា​រោគ​សញ្ញា​នេះ​ជា​រោគ​សញ្ញា​សំខាន់​នៃ​វីរុស​COVID-19 នៅ​ឡើយ​ទេ ព្រោះ​ករណី​នេះ​មិន​សូវ​ជួប​ប្រទះ។

នៅពេល​វីរុស​ឆ្លង​ទៅ​ក្នុង​រាងកាយ​ វា​នឹង​រក​កោសិកា​ដែល​អាច​ជ្រៀត​ចូល​ទៅ​បាន។ ក្នុង​ករណី​ជំងឺ SARS និងMERS វីរុស​អាច​ចូល​ទៅ​ក្នុង​កោសិកា​ដែល​នៅ​ក្នុង​ពោះវៀន​តូច​ និង​ពោះវៀន​ធំ ដែល​នាំ​ឲ្យ​មាន​ការ​រាក​រូស។ អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា COVID-19 គឺ​ប្រើ​ រ៉េសិបទ័រ (receptor) ដូច​ទៅ​នឹង​ជំងឺ SARS ដែល​អាច​រក​ឃើញ​នៅ​ក្នុង​សួត​ និង​ពោះវៀន​តូច។

ការ​សិក្សា​ពីរ​ក៏​បាន​រក​ឃើញ​វីរុស COVID-19 នៅ​ក្នុង​សំណាក​លាមក​ដែល​បង្ហាញ​ថា​អាច​ឆ្លង​តាម​រយៈ​លាមក ប៉ុន្តែ​ការ​សន្និដ្ឋាន​​មិន​ទាន់​អាច​កំណត់​បាន​ទេ។

ការឆ្លើយតបប្រព័ន្ធភាពស៊ាំខ្លាំង (Blood storm)

វីរុស​កូរ៉ូណា​អាច​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាង​កាយ​ដោយ​សារ​ការ​ឆ្លើយតប​សកម្ម​របស់​ប្រព័ន្ធ​ភាព​ស៊ាំខ្លាំង (hyperactive immune response)។

ការ​សិក្សា​ឆ្នាំ​២០១៤​បាន​បង្ហាញ​ថា​៩២%​នៃ​អ្នក​ជំងឺ​ MERS មាន​ការ​ឆ្លង​ទៅ​លើ​សរីរាង្គ​មួយ​យ៉ាង​តិច​ក្រៅ​ពី​សួត។ រោគ​សញ្ញា​ដែល​បាន​ប្រទះ​ឃើញ​មាន​ដូចជា​ការ​កើន​ឡើង​នៃ​អង់ស៊ីម​ថ្លើម (Liver enzymes) ការ​ថយ​ចុះ​កោសិកា​ឈាម​ស ការ​ថយ​ចុះ​នៃ​ប្លាកែត (Platelet) និង​សម្ពាធ​ឈាម​ទាប។ ក្នុង​ករណី​កម្រ អ្នក​ជំងឺ​ខូច​តម្រង​នោម​ធ្ងន់ធ្ងរ និង​គាំង​បេះដូង (Cardiac Arrest)។ អ្នក​ស្រាវជ្រាវ​ផ្នែក​មេរោគ​ អ្នក​ស្រី Angela Rasmussen នៅ​សាកលវិទ្យាល័យ Columbia University Mailman School of Public Health បាន​លើក​ឡើង​ថា នេះ​មិន​មែន​ជា​រោគ​សញ្ញា​ដែល​វីរុស​រាលដាល​ក្នុង​រាង​កាយ​ទេ​ ប៉ុន្តែ​នេះ​អាច​មក​ពី​​ការឆ្លើយ​តប​របស់​ប្រ​ព័ន្ធភាពស៊ាំឡើងខ្លាំងពេក(Cytokine storm)។

រាង​​​​​​​​កាយ​មនុស្ស​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ភាពស៊ាំ​នៅ​ពេល​មាន​ការ​គំរាមកំហែង។ នៅ​ពេល​ឆ្លង​វីរុស​កូរ៉ូណា​ ប្រព័ន្ធ​ភាព​ស៊ាំ​នឹង​បញ្ចេញ​Cytokines ទៅ​ក្នុង​សួត ធ្វើ​ឲ្យ​រាងកាយ​មិន​ត្រឹម​តែ​ប្រឆាំង​នឹង​វីរុសទេ ប៉ុន្តែ​សូម្បី​តែ​កោសិកា​ល្អ​ក៏​ត្រូវ​បំផ្លាញ​ដែរ។

អ្នកស្រាវជ្រាវ​ Rasmussen បាន​បន្ថែម​ទៀតថា Cytokines storm បង្ក​ឲ្យ​មាន​ការ​រលាក​ដែល​ធ្វើ​ឲ្យ​សរសៃឈាម​ក្នុង​សួត​ចុះ​ខ្សោយ​និង​មាន​ទឹក​ជ្រាប​ចូល​ទៅ​ក្នុង​ថង់​ខ្យល់​(air sacs) មាន​ន័យ​ថា​មាន​ការ​ហូរ​ឈាម​ពី​សរសៃ​ឈាម។

ក្នុងករណី​ធ្ងន់ធ្ងរ​នៃ ​COVID-19 ការ​ឆ្លើយតប​ខ្លាំង​របស់ cytokines និង​ការ​ថយ​ចុះ​សមត្ថភាព​ក្នុង​ការ​បញ្ជូន​អុកស៊ីហ្សែន​ទៅ​កាន់​រាង​កាយ អាច​បណ្ដាលឲ្យ​មាន​ចុះ​ខ្សោយ​នៃ​សរីរាង្គ​ជា​ច្រើន។ អ្នក​វិទ្យាសាស្ត្រ​នៅ​មិន​ដឹង​មូលហេតុ​ច្បាស់​ដែល​បង្ក​ឲ្យ​អ្នក​ជំងឺ​មាន​ផល​ប៉ះពាល់​ក្រៅពី​សួត​ ប៉ុន្តែ​អាច​មក​ពី​មូល​ហេតុ​ផ្សេង​ដូចជា​ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោមផ្អែម។

ថ្លើម
នៅ​ពេល​ឆ្លង​វីរុស​កូរ៉ូណា​ក្នុង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម ថ្លើម​គឺ​ជា​សរីរាង្គ​មួយ​ដែល​ងាយ​រង​ការ​ប៉ះពាល់។ វេជ្ជបណ្ឌិត​ជាច្រើន​បាន​រក​ឃើញ​ថា​អ្នក​ឆ្លង​ជំងឺ​ SARS MERS និងCOVID-19 មាន​ការ​ខូច​ខាត​ថ្លើម​តិចតួច​ ប៉ុន្តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ​អាច​ឈាន​ទៅ​រក​ការ​ខូច​ខាត​ថ្លើម​ធ្ងន់ធ្ងរ និង​ការ​ចុះ​ខ្សោយ​ថ្លើម។

ដោយសារ​ថ្លើម​មាន​នាទី​ដំណើរការ​ឈាម​បន្ទាប់ពី​ឈាម​ចេញ​ពី​ក្រពះ ​ចម្រោះ​ជាតិពុល​ និង​បង្កើត​អាហារូបត្ថម្ភ​ដែល​រាងកាយ​អាច​ប្រើ​បាន ហើយ​ក៏​ជួយ​ទឹក​ប្រមាត់​(Bile) ក្នុង​ការ​បំបែក​ជាតិខ្លាញ់។ បន្ថែម​ពី​នេះ ថ្លើម​ក៏​ផ្ទុក​អង់ស៊ីម ដែល​ពន្លឿន​ប្រតិកម្ម​គីមី​ក្នុង​រាងកាយ។

នៅ​ពេល​រាងកាយ​មាន​កម្រិត​អង់ហ្ស៊ីម​ច្រើន​ជាង​ធម្មតា​នៅ​ក្នុង​ឈាម នេះ​ជា​រោគសញ្ញា​គួរ​ឲ្យ​ប្រុង​ប្រយ័ត្ន​មួយ។ ភាគច្រើន​រោគសញ្ញានេះ​មាន​ឃើញ​នៅ​លើ​អ្នក​ជំងឺ SARS និងMERS។ ពេល​ខ្លះ​គ្រាន់​តែ​ជា​ការ​ខូចខាត​តិចតួច​ដែល​ថ្លើម​អាច​ត្រលប់​មក​ធម្មតា​វិញ​បាន ឬ​អាច​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ថ្លើម​ចុះ​ខ្សោយ។

អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​បញ្ជាក់​ថា​ ថ្លើម​ចុះ​ខ្សោយ​មិនមែន​ជា​មូលហេតុ​តែ​មួយ​នៃ​ការ​ស្លាប់​របស់​អ្នក​ជំងឺ​SARS ទេ។ នៅពេល​ខ្លះ​អ្នក​ជំងឺ​ដែល​មាន​បញ្ហា​សួត និង​ថ្លើម ក៏​អាច​មាន​បញ្ហា​តម្រងនោម​ដែរ។ នៅ​ពេល​នោះ​នឹង​ក្លាយ​ជា​ការ​ឆ្លង​ជា​ប្រព័ន្ធ។

តម្រងនោម
​អ្នក​ជំងឺ SARS ចំនួន ៦% និង​មួយ​ភាគ​បួន​នៃ​អ្នកជំងឺ​MERS ទទួល​រង​ប៉ះពាល់​ពី​ការ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ។ ការសិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា វីរុស​កូរ៉ូណា​ថ្មី​ក៏​អាច​បង្កឲ្យមាន​ផល​ប៉ះពាល់​នេះ​ដែរ។

តម្រងនោម​មាន​នាទី​លាង​សម្អាត​ឈាម និង​ចម្រោះ​ទឹកនោម។ តាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក ក្រោយ​ពី​ការ​ផ្ទុះ​ជំងឺ SARS វីរុស​ត្រូវ​បាន​រក​ឃើញ​នៅក្នុង​បំពង់​តម្រងនោម​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​រលាក។

អតីត​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ហុងកុង និង​ជា​អ្នក​ប្រឹក្សា​ផ្នែក តម្រង​នោម​(nephrologist) នៅ​មន្ទីរពេទ្យ​ទីក្រុង​ហុងកុង លោក Kar Neng Lai បាន​និយាយ​ថា ការ​រក​ឃើញ​វីរុស​ក្នុង​បំពង់​តម្រងនោម​ជា​រឿង​ធម្មតា​ ប្រសិនជា​ក្នុង​ចរន្តឈាម​មាន​វីរុស ព្រោះ​នៅ​ពេល​តម្រង​នោម​ធ្វើ​ការ​សម្អាត​ឈាម កោសិកា​ក្នុង​បំពង់​តម្រង​នោម​អាច​ចាប់​វីរុស​ទុក និង​បង្ក​ជា​ការ​ខូចខាត​តិចតួច។ យ៉ាង​ណា​វិញ ការ​ខូច​ខាត​នេះ​អាច​គ្រោះថ្នាក់​ដល់​ស្លាប់​ប្រសិនជា​វីរុស​ចាប់​ផ្តើម​ចូល​បំបែកខ្លួន(replicate)​ក្នុង​កោសិកា។ ប៉ុន្តែ​មិន​ទាន់​មាន​ភស្តុតាង​ថា​វីរុស SARS ចូល​ទៅ​បំបែកខ្លួន​ក្នុង​កោសិកា​របស់​តម្រងនោម​ទេ។

សាស្ត្រាចារ្យ​រូប​នេះ ក៏​បាន​លើក​ឡើង​ថា ការ​ខូច​ខាត​តម្រងនោម​កើត​លើ​អ្នកជំងឺ SARS អាច​មក​ពី​មូលហេតុ​ផ្សេងៗ​រួមមាន សម្ពាធ​ឈាម​ទាប ឈាម​ពុល (sepsis) ថ្នាំ ឬ​ការ​រំខាន​នៃ​មេតាបូលីស។ ករណី​ធ្ងន់ធ្ងរ​អាច​នាំឲ្យ​ខ្សោយ​តម្រងនោម​ស្រួចស្រាវ ​(acute renal failure) ដែល​ពេល​ខ្លះ​បណ្ដាល​មក​ពី​ថ្នាំ​ប្រឆាំង​មេរោគ ការ​ចុះ​ខ្សោយ​នៃ​សរីរាង្គ​ច្រើន ឬ​អាច​មក​ការ​ប្រើ​ប្រាស់ ម៉ាស៊ីន​ជំនួយ​សួត (​ventilator) រយៈពេល​យូរ។

ស្ត្រី​មាន​ផ្ទៃពោះ និង​វីរុសកូរ៉ូណា
អំឡុង​ពេល​ផ្ទុះ​វីរុស​COVID-19 មាន​ករណី​ទារក​ទើប​នឹង​កើត​បាន​៣០ម៉ោង​ឆ្លង​វីរុស​នេះ។ ករណី​នេះ​ធ្វើ​ឲ្យ​មាន​សំណួរ​ជាច្រើន​ចោទ​ឡើង​ថា​ស្ត្រី​មាន​ផ្ទៃ​ពោះ​អាច​ចម្លង​ទៅ​កូន​ក្នុង​ផ្ទៃ ឬអំឡុង​ពេល​សម្រាល និង​តាមរយៈ​ទឹកដោះដែរឬទេ។ ប៉ុន្តែ​ករណី​ឆ្លង​ពី​ម្តាយ​ទៅ​កូន​មិន​មាន​កើត​ឡើង​អំឡុង​ពេល​ផ្ទុះ​ជំងឺ SARS និង MERS ទេ។ ម៉្យាងទៀត ទារក​ដែល​ឆ្លង​ COVID-19 អាច​ឆ្លង​បាន​ដោយ​សារ​នៅក្នុង​មន្ទីរពេទ្យ​មាន​មេរោគ​ច្រើន។

ការសិក្សា​ចេញ​ផ្សាយ​​ថ្មីៗ​នេះ​នៅ​សារព័ត៌មាន​ The Lancet បាន​ផ្តល់​នូវ​ភស្តុតាង​ដំបូង​ដែល​បញ្ជាក់​ថា​វីរុសកូរ៉ូណា​មិន​អាច​ចម្លង​ពី​ម្តាយ​មក​កូន​ទេ។ អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើការ​អង្កេត​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ ដែល​មាន​ផ្ទុក​វីរុស ​COVID-19 និង​រក​ឃើញ​ថា​មិន​មាន​ករណី​ចម្លង​មក​កូន​ទេ។ ទោះ​បី​ជា​ការ​សិក្សា​បង្ហាញ​មក​បែប​នេះ​ក៏​មិន​គ្រប់​គ្រាន់​ក្នុង​ការ​កំណត់​ថា​មិន​មាន​ការ​ឆ្លង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ដែរ ដូចនេះ​ទាមទារ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ទៅ​លើ​ការ​សិក្សា​អំពី​ជំងឺ​នេះ។

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap